ចុះផ្សាយដោយ: Chakriya on ០៦ តុលា ២០២៣
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport-SAI) បានបើកដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានបញ្ជាក់ថា លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះគឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មទាំងបីជើង ដើម្បីពិនិត្យជាក់ស្តែងនូវដំណើរការមួយចំនួនចាំបាច់ទាក់ទងទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស និងបានវាយតម្លៃខ្ពស់លើ ដំណើរការបញ្ជាចរាចរដែនអាកាសនៅត្រង់ចំណុចប៉មបញ្ហាហោះហើរ ដំណើរការទទួល អ្នកដំណើរតាមផ្លូវអាកាសនៅចំណុចចំណតអាកាសយាន ដំណើរការចុះឈ្មោះឡើងអាកាសយាន ដំណើរការ ត្រួតពិនិត្យសន្តិសុខអាកាសចរណ៍ និងដំណើរការផ្សេងៗទៀត រហូតដល់ការឡើងអាកាសយានរបស់អ្នកដំណើរ តាមផ្លូវអាកាស និងការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងបីខាងលើ។
ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ - របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជា ច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានបញ្ជាក់ ផងដែរថា អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាង ដែល នឹងចូលរួមចំណែកពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួល បាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់បេតិកភណ្ឌអន្តរជាតិអង្គរ។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០។
ប្រភព៖ www.harbor-property.com bj n
១៨ តុលា ២០២៣
១៨ តុលា ២០២៣
១០ តុលា ២០២៣
Copyright 2022 © Opportunity Properties Investment. All Rights Reserved